ឆ្នាំ២០១៩ កម្ពុជាដកហូតឯកសារមិនប្រក្រតីដែលជនបរទេសកាន់កាប់ជាង ៣ម៉ឺនករណី

ភ្នំពេញ ៖ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី៣០ ខែមករា នេះ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី ដែល ជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ជាងបីម៉ឺនប្រាំពីរពាន់ឯកសារ មានចំនួន ជាងពីរម៉ឺនគ្រួសារ មនុស្សជិត៧ ម៉ឺននាក់ ស្មើនឹង៩៤,៩៧ភាគរយ នៃចំនួន ដែលបានធ្វើស្ថិតិ

របាយការណ៍បន្តថា ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានទទួលពាក្យសុំប្រកាស ទទួលស្គាល់ជាជនបរទេសអន្តោប្រវេសន៍ ចំនួនជាង៣ម៉ឺន២ពាន់គ្រួសារ មនុស្សជាង១០ម៉ឺននាក់ ក្នុងនោះ ក្រសួងបានចេញ ប្រកាសទទួលស្គាល់ ចំនួនជាង២ម៉ឺនគ្រួសារ មនុស្សជាង៦ម៉ឺននាក់ ដោយបានប្រគល់ជូនស្នងការដ្ឋាន នគរបាល រាជធានី-ខេត្ត ដើម្បីចែកឱ្យជនបរទេសអន្តោប្រវេសន៍ ប្រើប្រាស់តាមច្បាប់។ បន្ថែមលើនេះអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ ក៏បានទទួលពាក្យសុំប័ណ្ណស្នាក់នៅ អចិន្ត្រៃយ៍ ចំនួនជាង២ម៉ឺន៨ពាន់គ្រួសារ មនុស្សជាង៨ម៉ឺន៩ពាន់នាក់ ក្នុងនោះក្រសួង បានចេញប័ណ្ណស្នាក់នៅ អចិន្ត្រៃយ៍ ចំនួនជាង១ម៉ឺន៦ពាន់គ្រួសារ មនុស្សចំនួនជាង៤ម៉ឺន៥ពាន់នាក់។ ជនបរទេសអន្តោប្រវេសន៍ នៅកម្ពុជា មានចំនួនជិត២ម៉ឺន៩ពាន់គ្រួសារ មនុស្សរួម ជាង៨ម៉ឺន៩ ពាន់នាក់ មាន១១សញ្ជាតិ។

ដោយឡែកក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ក៏បានបណ្តេញជនបរទេសចំនួន១៥,៣៣នាក់ ស្មើនឹង៦៣សញ្ជាតិចេញពីប្រទេសកម្ពុជា ក្រោយកម្លាំងនគរបាលអន្ដោប្រវេសន៍ឃាត់ខ្លួន ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស។ ក្នុងចំណោមជនបរទេសដែលបានប្រព្រឹត្តបទល្មើស ហើយត្រូវបានបណ្ដេញចេញពីកម្ពុជានេះ ច្រើនជាងគេគឺជនជាតិចិន ដែលមានចំនួន១,០១៣នាក់, ថៃ២២០នាក់, វៀតណាម១៤៩នាក់, នីហ្សេរីយ៉ា៩៤នាក់, ឥណ្ឌា៣១នាក់, កូរ៉េខាងត្បូង២៥នាក់, អាមេរិក១៧នាក់។

របាយការណ៍បញ្ជាក់ថា បទល្មើសដែលជនបរទេសទាំងអស់នេះបានប្រព្រឹត្តរួមមាន ៖ ករណីជំរិតទារប្រាក់តាមប្រព័ន្ធ VOIP និងបទល្មើសហ្គេមអនឡាញចំនួន៨៩០នាក់ មាន០៩សញ្ជាតិ (ចិន តៃវ៉ាន់ ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ឡាវ វៀតណាម ឥណ្ឌា និងម៉ាឡេស៊ី), ការស្នាក់នៅគ្មានលិខិតឆ្លងដែន ចំនួន២៤២នាក់ មាន៤០សញ្ជាតិ (នីហ្សេរីយ៉ា៦៧នាក់, វៀតណាម៤៣នាក់, ចិន២៩នាក់ និង៣៧សញ្ជាតិទៀតពីម្នាក់ ដល់១០នាក់), ការស្នាក់នៅលើសទិដ្ឋាការ ចំនួន១២៦នាក់ មាន៣២សញ្ជាតិ (នីហ្សេរីយ៉ា ៤៩នាក់, ឥណ្ឌា១៣នាក់ និង៣០សញ្ជាតិទៀតពី ០១ដល់០៦នាក់) និងប្រើប្រាស់សារធាតុញៀនចំនួន២០០នាក់៕