តុលាការសម្រេចឃុំខ្លួនអតីតប្រធានមន្ទីររៀបចំដែនដីខេត្តព្រះសីហនុ

ភ្នំពេញ ៖ តុលាការកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានសម្រេចឃុំខ្លួនលោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និង​សំណង់ ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធបទរំលោភអំណាច បំពាន​ធនធាន​ធម្មជាតិ និងប្រើប្រាស់ឯកសារក្លែងដោយអាជ្ញាធរ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានថ្លែងថា អយ្យការ​សាលា​ដំបូង​រាជ​ធានី ភ្នំពេញបានទទួល​សំណុំរឿងមកពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ករណីឈ្មោះ នួន ប៉ុក អតីតប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០​ពាក់ព័ន្ធ​បទ​រំលោភ​អំណាច បំពានធនធានធម្មជាតិ និងប្រើប្រាស់ឯកសារក្លែងដោយអាជ្ញាធរ។ហើយ​តំណាង​អយ្យការកំពុងសាកសួរតាមនីតិវិធី។

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនខ្លួន​លោក នួន ប៉ុក អតីតប្រធានមន្ទីររៀបចំដែន​ដី​នគរូប​នីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ទៅកាន់សាលា​ដំបូងរាជធានីភ្នំពេញ កាល​ពីល្ងាច​ថ្ងៃ​ទី៤ ខែមីនា ឆ្នាំ២០២០ ដើម្បីចាត់ការតាមនីតិវិធី។ ការបញ្ជូន​ទៅតុលាការ គឺ​បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយបាន​ស្តាប់ចម្លើយជនសង្ស័យចប់សព្វគ្រប់។

សូមជម្រាបថា អតីត​ប្រធានមន្ទីររៀបចំដែន​ដីនគរូប​នីយកម្ម និងសំណង់ ខេត្តព្រះសីហនុ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយចាប់ខ្លួនកាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០២០៕