វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយសារតែការរាតត្បាតនៃជំងឺសកល COVID-19 ខណៈអ្នករិះគន់មួយចំនួនបានលើកឡើងថា វាហាក់ដូចជាយឺតពេលទៅហើយ។ នេះបើតាមសារព័ត៌មាន CNA។
នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលមានការរៀបចំយ៉ាងប្រុងប្រយ័ត្នបំផុត នៅសេតវិមានរដ្ឋធានីវ៉ាស៊ីនតោន លោក ដូណាល់ ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំនឹងបញ្ចេញអំណាចពេញលេញ នៃរដ្ឋាភិបាលសហព័ន្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតរបស់ជំងឺ (COVID-19)»។
សេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះ បានកើតមានឡើងក្រោយ សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដែលកាលណោះលោក ត្រាំ មិនត្រឹមតែមិនអាចបំបាច់ភាពភ័យខ្លាចជាសាធារណៈ ចំពោះវីរុសកូរ៉ូណាថ្មីនោះឡើយ ប៉ុន្តែបែរជាបង្កឲ្យមានបញ្ហាភ័ន្តច្រឡំ យ៉ាងធ្ងន់ធ្ងរទៅវិញ។
គួរបញ្ជាក់ថា បច្ចុប្បន្ននៅអាមេរិកមានអ្នកឆ្លង COVID-19 សរុបជិត១,៧០០ករណី ក្នុងនោះអ្នកជំងឺជាង៤០នាក់ស្លាប់៕