ការតេចូលលេខ១១៥ ដើម្បីសួរព័ត៌មានពីកូវីដ១៩ ជិត១ម៉ឺននាក់ក្នុងមួយថ្ងៃៗ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានប្រកាសនៅថ្ងៃនេះថា រាល់ការហៅចូលលេខ ១១៥ ពាក់ព័ន្ធនឹងករណី COVID-19 មានពេលខ្លះត្រូវរង់ចាំយូរ រឺមិនអាចភ្ជាប់បានដោយសារប្រព័ន្ធនេះត្រូវធ្វើការបញ្ជូនការហៅនោះទៅកាន់ទូរស័ព្ទដៃរបស់មន្ត្រីចំនួន២៥នាក់ផ្សេងទៀត ដែលរង់ចាំពន្យល់ តែដោយពេលខ្លះពួកគាត់កំពុងជាប់រវល់ពិភាក្សាជាមួយសាធារណៈជនដទៃទៀតរួចហើយ ទើបធ្វើឲ្យត្រូវរង់ចាំពី ៣-៤ នាទី។

CDC បានបន្ថែមថា ដោយសារការហៅចូលលេខ ១១៥ យ៉ាងច្រើនលើសលុបមិនថា យប់ រឺថ្ងៃបែបនេះ CDC សូមឲ្យមានយោគយល់ពីសាធារណៈជនទាំងអស់ និងសំណូមពរឲ្យធ្វើការហៅជាថ្មីម្តងទៀត ព្រោះនាពេលចុងក្រោយនេះ មានការហោះចូលជិត ១ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលសរុបតាំងពីរកឃើញជំងឺកូវីដ១៩ ករណីទី១ មក មានជិត ១លាននាក់ហើយ៕