ស្ថានទូតចិនបញ្ជាក់ពីស្ថានភាពអ្នកដំណើរ ជនជាតិចិនជិត២០០នាក់ទើបចូលមកកម្ពុជា

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃនេះ បានធ្វើសេចក្តីថ្លែង ក្រោយពីមានអ្នកសារព័ត៌មានចោទសួរពីស្ថានភាពអ្នកដំណើរចំនួន១៥នាក់ ដែលបានហោះចេញពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុងណាងឆាង ហើយពួកគេមានអាការៈមិនល្អ ដែលសង្ស័យពីករណីកូវីដ១៩ និងករណីជនជាតិចិន១៧៤ ដែលត្រឡប់មកពីប្រទេសហ្វីលីពីន មកកាន់ក្រុងបាវិតប្រទេសកម្ពុជា។

ចំពោះករណីទី១ ស្ថានទូតចិនបានលើកឡើងថា តាមការរាយការណ៍ពីស្ថាប័នពាក់ព័ន្ធ នៃខេត្តជាំងស៊ី ប្រទេសចិន នាថ្ងៃទី២៥ ខែមីនា លើយន្តហោះដែលមានជើងហោះហើរលេខ QD704 ពីខេត្តព្រះសីហនុ ប្រទេសកម្ពុជា ទៅកាន់ទីក្រុងណានឆាង ប្រទេសចិនបានរកឃើញអ្នកដំណើរដែលមានអាការៈក្តៅខ្លួន ក្អក ឈឺបំពង់ក រាករូស និងអាការៈផ្សេងទៀតចំនួន១៥នាក់។

ស្ថានទូតចិនបានបញ្ជាក់ថា តាមការរាយការណ៍របស់ស្ថាប័នជាប់ពាក់ព័ន្ធបានឲ្យដឹងថា មន្ទីរពេទ្យទី១នៃទីក្រុងណានឆាង ខេត្តជាំងស៊ី ប្រទេសចិនបានធ្វើការពិនិត្យជំហានដំបូងជូនដល់អ្នកដំណើរទាំង១៥នាក់នាពេលល្ងាចថ្ងៃទី២៥ ខែមីនា ទន្ទឹមនឹងនេះក៏បានពិនិត្យតាមសារធាតុNucleic acid តេស្តរកជម្ងឺវីរុស(Detection Reagent) និងតាមCTនៅផ្នែកទ្រូងផងដែរ។

នាព្រឹកថ្ងៃទី២៦ ខែមីនា លទ្ធផលតាមសារធាតុNucleic acidតេស្តរកវីរុស បានបង្ហាញឲ្យឃើញថា មានភាពអវិជ្ជមាន ហើយក្នុងCTនៃផ្នែកទ្រូងក៏ពុំបានបង្ហាញឲ្យឃើញពីជម្ងឺវីរុសនេះផងដែរ ដោយអាចនិយាយបានថា អ្នកដំណើរទាំងនេះពុំមានផ្ទុកជម្ងឺវីរុស COVID-19 ជាបណ្តោះអាសន្ន។

ដោយឡែកសម្រាប់ករណីជនជាតិចិន១៧៤នាក់ ដែលសង្ស័យជាអ្នកលេងល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេតដែលបានធ្វើដំណើរពីប្រទេសហ្វីលីពីនមកកាន់ប្រទេសកម្ពុជា ស្ថានទូតចិន និងការិយាល័យកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជាកំពុងតែមានការយកចិត្តទុកដាក់ខ្ពស់ ហើយកំពុងតែស្រាវជ្រាវអំពីប្រវត្តិពង្សាវតារពួកគេដែលត្រូវជាប់សង្ស័យថា ជាអ្នកលេងល្បែងភ្នាល់គ្នាលើប្រព័ន្ធអ៊ីធើណេត ហើយថា ក្រោយពីពិនិត្យរួច នឹងចុះបង្រ្កាបយ៉ាងមុះមុតតាមនីតិវិធីច្បាប់នៃប្រទេសទាំងពីរ៕