ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លង កូវីដ១៩ ថ្មីតែម្នាក់ប៉ុណ្ណោះ សរុបទូទាំងប្រទេស១០៣នាក់ អ្នកជាសះស្បើយកើនដល់២១នាក់

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមីនា នេះ កម្ពុជាបានរកឃើញអ្នកឆ្លងមេរោគ កូវីដ១៩ ថ្មីចំនួន តែម្នាក់ប៉ុណ្ណោះ ធ្វើឱ្យអ្នកឆ្លងជំងឺនេះ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់ ១០៣នាក់ ចំណែកអ្នកដែលជាសះស្បើយថ្មីទៀត មានរហូតដល់ចំនួន៨នាក់ គឺអ្នកដែលបានជាសះ ស្បើយសរុបកើនដល់ ២១នាក់។ ក្រៅពីនោះ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៨២ នាក់ នៃអ្នកឆ្លងសរុប១០៣នាក់ បើគិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នករកឃើញ ឆ្លងជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មីនេះ ជាស្ត្រីអាយុ ៣៦ឆ្នាំ បម្រើការនៅស្តាធីវី (Star TV) រស់នៅភូមិប៉ាលេលៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ស្ត្រីរូបនេះ ត្រូវបានដាក់ ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

ក្រសួងសុខាភិបាលកម្ពុជា ក៏បាន អំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋមិនត្រូវ ប្រើប្រាស់ ឧបករណ៍ធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ ដោយខ្លួនឯងនោះឡើយ ដោយអះអាងថា បច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សមានច្រើនប្រភេទ តែរហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ប្រភេទណាមួយ ដែលមាន ការបញ្ជាក់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកពីភាពត្រឹមត្រូវ និងប្រសិទ្ធភាព នៅ ឡើយទេ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅរកសេវាពិនិត្យសុខភាព ពីផ្នែក សុខា ភិបាលរដ្ឋដែលនៅជិតបំផុត បើមានការសង្ស័យណាមួយពាក់ព័ន្ធជំងឺកូវីដ ១៩ នេះ៕