ឈ្មួញសម្រុកដឹកឈើប្រភេទក្ដារ និងឃ្នៀបពីខេត្តព្រះវិហារ ទៅខេត្តកំពង់ធំ

ខេត្តព្រះវិហារ ៖ ទោះបីរដ្ឋាភិបាលបានបង្កើតគណៈកម្មការទប់ស្កាត់បង្រ្គាបបទល្មើសព្រៃឈើថ្នាក់ជាតិ ជាពិសេសលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មការបង្រ្គាបបទល្មើសធនធានធម្មជាតិថ្នាក់ខេត្ត រឹតបន្តឹងការកាប់ធ្វើអាជីវកម្មព្រៃឈើយ៉ាងណាក្ដី ក៏ក្រុមឈ្មួញនៅតែបន្តស្ទុះស្ទារប្រកបមុខរបរជំនួញព្រៃឈើយ៉ាងគគ្រឹកគគ្រេងមិនគិតពីច្បាប់ទម្លាប់នោះឡើយ។

បច្ចុប្បន្ន នៅចំណុចភូមិស្រែវាល ភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ជាស្រុកមួយដែលជាប់ព្រំប្រទល់ព្រៃឡង់ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ត្រូវពលរដ្ឋរាយការណ៍ថា កើតមានបទល្មើព្រៃឈើពាសវាលពាសកាលពេញបន្ទុកដោយសារមានក្រុមឈ្មួញដើរប្រមូលទិញពីប្រជាពលរដ្ឋតាមផ្ទះ រួចផ្ទេរឡើងរថយន្តធំៗដឹកចេញទៅខេត្តកំពង់ធំ និងបន្តទៅចែកចាយតាមខេត្តនានាផ្សេងទៀត ក្រោមការបើកដៃពីមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធឈរជើងការពារនៅតំបន់នោះ ខណ:រាជរដ្ឋាភិបាលកំពុងជាប់ដៃខិតខំទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩ ដែលជាក្តីកង្វល់ខ្លាំងក្លាបំផុតរបស់ពលរដ្ឋនៅទូទាំងកម្ពុជា។

ប្រភពព័ត៌មាន បានរាយការណ៍ថា ការកកើតឲ្យមានបទល្មើសព្រៃឈើនេះឡើង គឺក្រុមឈ្មួញ បានឪ្យមេខ្យល់ដើរកៀរគរបំផុសឪ្យក្រុមប្រជាពលរដ្ឋចូលទៅកាប់ឈើនៅក្នុងដែនជំរកសត្វព្រៃក្នុងព្រៃឡង់ ដែលត្រាស់បង្កាប់ដោយព្រះរាជក្រិត្យពីព្រះមហាក្សត្រ និងគ្រប់គ្រងដោយរដ្ឋយ៉ាងអនាធិបតេយ្យ។ ប្រភពដដែលបញ្ជាក់ថា ក្រុមឈ្មួញបានឲ្យពលរដ្ឋដឹកឈើយកទៅធ្វើផ្ទះស្នាក់នៅ ហើយករណីខ្លះយកឈើទៅត្រាំទឹកឲ្យប្រែពណ៌ខ្មៅ ឬវាយដែកគោល ដើម្បីបំភាន់ភ្នែកថាជាឈើដែលរុះរើចេញពីសំណង់ផ្ទះចាស់ៗ។

សូមបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋជាច្រើនក្នុងតំបន់ស្រុកជ័យសែន នោះ មានស្តុកគំនរឈើ ចាប់ពី ២ម៉ែត្រគូប រហូតទៅដល់៤/ ៥ម៉ែត្រគូបក៍មាន តែភាគច្រើនឈើនោះមិនបានយកទៅសាសង់ផ្ទះពិតប្រាកដនោះឡើយ គឺត្រូវរថយន្តធំៗដឹកចេញជាបន្តបន្ទាប់ក្រោមការឃុបឃិតគ្នាពីសមត្ថកិច្ចពាក់ព័ន្ធជាច្រើនអង្គភាព៕ ដោយ ៖ កូវ ប៊ុនហេង