កំពង់ចាម ៖ នៅវេលាម៉ោង ២២និង១០នាទីយប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះអគ្គិភ័យមួយកើតឡើងបានឆាបឆេះរោងចក្រក្ដារបន្ទះ នៅចំណុច ជិតជើងភ្នំស្រី ភ្នំប្រុស ស្ថិតក្នុងភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្រោយពីទទួលបានពត៌មានអំពីហេតុការណ៍ខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងចេញប្រតិបត្តិការដោយផ្ទាល់ និងបញ្ជាអោយចេញរថយន្តអគ្គិភ័យរបស់ខេត្ត និងតាមបណ្ដាស្រុក សរុបចំនួន១១គ្រឿង ចេញប្រតិបត្តិជាបន្ទាន់ ដោយមានការដឹកនាំមកពីសំណាក់លោកអធិការ-អធិការរង ដោយផ្ទាល់ និងត្រូវប្រើប្រាស់ទឹកអស់ ចំនួន៣១សឺទែន និងប្រើប្រាស់កម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជា របស់ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងផែនសណ្ដាប់ធ្នាប់, អគ្គិភ័យ, កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម សរុបរួម ១៥០នាក់។
សូមបញ្ជាក់ថា អគ្គិភ័យនេះ យើងគ្រប់គ្រងបានទាំងស្រុងដោយបានទប់ស្កាត់ មិនបណ្ដាលឲ្យឆាបឆេះរាលដាលបន្ត នៅវេលាម៉ោង ១និង៣៥នាទីយប់ ដែលប្រតិបត្តិការនេះ ចំណាយអស់រយ:ពេល ជាង៣ម៉ោង។
បើតាមការសាកសួរព័ត៌មាន ពីអ្នកបម្រើការងារក្នុងរោងចក្រ បានឲ្យដឹងថា ដើមហេតុ នៃអគ្គិភ័យ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ត្រង់ចំណុចកន្លែង ផលិតពូក ផ្នែកកណ្ដាល នៃផ្ទៃរោងចក្រ ចំពោះទំហំ នៃការខូចខាត់សមត្ថកិច្ចជំនាញ កំពុងធ្វើការសិក្សា វាយតម្លៃ។
ក្រោយពេលបញ្ចប់កិច្ចប្រតិបត្តិការ លោកឧត្ដមសេនីយ៍ស្នងការ បានឧបត្ថម្ភ នូវថវិកា ទឹកសុទ្ធ និងអាហារដល់កងកម្លាំងទាំងអស់ ដែលបានខិតខំប្រឹងបំពេញភារកិច្ច ក្នុងហេតុការណ៍ខាងលើនេះ សរុបជាថវិកា ចំនួន៤,៥០០,០០០រៀល៕ ដោយ ÷ ប៉ែន សុផល