ខេត្តព្រះសីហនុ៖ សមត្ថកិច្ចគយចល័តតំបន់៣ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយលោក កែវ អង្កាម សហការជាមួយសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដឹកនាំដោយ លោក ទុំ ណូ និងចូលរួមពីកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស, កម្លាំងកងរាជអាវុធហត្ថ ៤០២ របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះ ឆែកត្រួតពិនិត្យឃ្លាំងស្តុក និងលក់ម៉ាស៊ីនភ្លើងចំនួនពីរកន្លែង ដោយបានរកឃើញម៉ាស៊ីន ភ្លើងថ្មីទាំងតូច ទាំងធំ ចំនួនជាង ៦០គ្រឿង មិនមានឯកសារបង់ពន្ធនាំចូលតាមច្បាប់គយនោះទេ។
យុទ្ធនាការចុះត្រួតពិនិត្យខាងលើនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការសម្រប សម្រួលពី លោក សុខ កល្យាណ ប្រធានសាលាដំបូងខេត្តព្រះសីហនុ, លោកព្រះរាជអាជ្ញា សៀង សុខ និង លោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង បានដឹកនាំចុះអនុវត្តន៍ផ្ទាល់ តាមដីកាលេខ២៨០៥ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ។
មន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានឲ្យដឹងថា ចំពោះសកម្មភាពចុះត្រួតពិនិត្យ ឃ្លាំងស្តុកម៉ាស៊ីនភ្លើង ទាំងពីរកន្លែង ដែលមានម្ចាស់ជាជនជាតិចិនខាងលើនេះមាន៖
១- ឃ្លាំងស្តុកម៉ាស៊ីនភ្លើងមាន ឈ្មោះ ហាង ហ្វូលីស៊ឺថឹ មានទីតាំងនៅ ឃ្លាំងគ្មានលេខ ស្ថិតតាមផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺនៅទល់មុខរោងចក្រស្រាបៀរក្រោន។
២- ឃ្លាំងស្តុកម៉ាស៊ីនភ្លើង (គ្មានឈ្មោះ) មានទីតាំងនៅ ឃ្លាំងគ្មានលេខ ស្ថិតតាមផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ គឺនៅទល់មុខរោងចក្រស្រាបៀរក្រោន ឆៀងខាងលិច។
មន្ត្រីសាខាគយឲ្យដឹងបន្តថា ក្នុងពេលឆែកត្រួតពិនិត្យកន្លែងលក់ម៉ាសុីនភ្លើងទាំងពីរកន្លែងនោះ សមត្ថកិច្ចរកឃើញមានម៉ាសុីនភ្លើងថ្មីទាំងតូចទាំងធំជាង៦០គ្រឿង ដែលមិនទាន់មានឯកសារបង់ពន្ធនាំចូល នៃនីតិវិធីគយ ឬខុសច្បាប់គយ។
ត្រង់ចំណុចនេះ មន្ត្រីសាខាគយខេត្តព្រះសីហនុ និងមន្ត្រីគយចល័ត ក៏បានដកហូតយកម៉ាសុីនភ្លើងទាំងអស់ ដើម្បីយកទៅរក្សាទុកជាបណ្តោះអាសន្ន ហើយតម្រូវឲ្យម្ចាស់ចូលខ្លួនទៅបង្ហាញឯកសារបង់ពន្ធជាក្រោយ។ ប៉ុន្តែក្នុងករណីម្ចាស់ឃ្លាំងលក់ម៉ាស៊ីនភ្លើងជាជនជាតិចិនទាំងពីរឃ្លាំងគ្មានឯកសារត្រឹមត្រូវ គឺតម្រូវឲ្យម្ចាស់ម៉ាស៊ីនភ្លើងទាំងនោះ ត្រូវបង់ពន្ធជូនរដ្ឋ ជាមួយនឹងការផាកពិន័យឲ្យស្របតាមច្បាប់គយ។
មន្ត្រីសាខាគយខេត្តព្រះសីហនុ បញ្ជាក់បន្ថែមថា សកម្មភាពចុះបង្ក្រាបទំនិញគេចពន្ធជាបន្តបន្ទាប់ របស់ មន្ត្រី ជំនាញ គឺអនុវត្តន៍តាមគោលការណ៍ណែនាំផ្ទាល់ ពីប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបអំពើគេចពន្ធ និង ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកគយ និងរដ្ឋាករកម្ពុជា ដែលតម្រង់ទិសឲ្យគ្រប់ប្រតិបត្តិករ ឯកជន ទាំងអស់ ទាំងជនជាតិខ្មែរ និងជនបរទេស ត្រូវគោរពច្បាប់ពន្ធគយ ដើម្បីប្រមូលប្រាក់ពន្ធជូនរដ្ឋឲ្យបាន កាន់តែ ប្រសើរ ឡើងថែមទៀត៕ ដោយ HN