កម្ពុជាសង់ស្ថានីយផលិតអគ្គិសនីពីពន្លឺព្រះអាទិត្យកម្លាំង១៤០មេហ្គាវ៉ាត់ ក្នុងខេត្តចំនួន៤

ភ្នំពេញ ៖ គម្រោងវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអា ទិត្យចំនួន៤គម្រោង សរុបអានុភាព ១៤០ មេហ្គាវ៉ាត់ ត្រូវបានកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងនៅព្រឹកម៉ិញ។ គម្រោងនេះនឹងជួយបំពេញត្រូវការអគ្គិសនី របស់កម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើការវិនិយោគសាងសង់ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ចំនួន៤គម្រោងបន្ថែមទៀត ដើម្បីជួយដល់ស្ថានភាពផ្គត់ផ្គង់អគ្គិសនីនៅក្នុងឆ្នាំ២០២០ និង ២០២១។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានឲ្យដឹងថា ស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យទាំង០៤ គម្រោងនេះ គ្រោងដាក់ពង្រាយទៅតាមទីតាំងនៃបន្ទុកប្រើប្រាស់អគ្គិសនី ដូចជា គម្រោងទី១ នៅខេត្តពោធិ៍សាត់ ៣០មេហ្កាវ៉ាត់ គម្រោងទី២ នៅខេត្តបាត់ដំបង៦០មេហ្កាវ៉ាត់ គម្រោងទី៣ នៅខេត្តបន្ទាយមានជ័យ៣០មេហ្កាវ៉ាត់ និងគម្រោងទី៤ នៅបាវិត ខេត្តស្វាយរៀង ២០ មេហ្កាវ៉ាត់ ។

អ្នកនាំពាក្យបញ្ជាក់ថា ពិតមែនតែស្ថានីយផលិត អគ្គិសនីដើរដោយពន្លឺព្រះអាទិត្យផ្តល់ថាមពលអគ្គិសនីបានតិចតួចក្នុងរង្វង់ ១៨,៥% និងប្រែប្រួលជាប្រចាំទៅតាមស្ថានភាពពន្លឺតិច ឬច្រើន តាមម៉ោងនីមួយៗក៏ដោយ ប៉ុន្តែការអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនេះ ជាការអភិវឌ្ឍមួយដែលយើងអាចធ្វើបានរហ័ស និង មានការគាំទ្រផ្គល់ហិរញ្ញប្បទានច្រើន។

ការអភិវឌ្ឍប្រភពអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យបន្ថែម គឺពិតជាមានសារៈសំខាន់ និងមានប្រយោជន៍ ដោយវាអាចជួយផ្តល់បន្ថែមប្រភពអគ្គិសនីដើម្បីដោះស្រាយបង្គ្រប់កង្វះខាតសេចក្តីត្រូវការអគ្គិសនីផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុនសម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង។

បើតាមអ្នកនាំពាក្យ តាមរយៈគម្រោងនេះ កម្ពុជានឹងទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលមានថ្លៃខ្ពស់ ជួយផ្តល់បន្ថែមប្រភពអគ្គិសនី ដោះស្រាយបង្គ្រប់កង្វះខាតផង និងជួយផ្តល់លទ្ធភាពឲ្យវារីអគ្គិសនីអាចរក្សាទុកទឹកក្នុងអាងបានច្រើនជាងមុន សម្រាប់ដំណើរការនៅពេលត្រូវការចាំបាច់ផង។

ពិសេសរាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធប្រមាណជិត ២លានដុល្លារអាមេរិកក្នុង១ឆ្នាំ ជាមធ្យមក្នុងរយៈពេល២១ ឆ្នាំ ដោយមិនទាន់គិតដល់ពន្ធដទៃទៀតដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីដទៃទៀតត្រូវបង់នៅឡើយ។

គួរបញ្ជាក់ដែរថា តាមការព្យាករណ៍សេចក្តីត្រូវការអគ្គិសនី សេចក្តីត្រូវការអគ្គិសនីអាចនឹងកើនពី១៥៣៧ មេហ្កាវ៉ាត់ នៅឆ្នាំ២០១៨ ឡើងដល់២៣០៧ មេហ្កាវ៉ាត់នៅឆ្នាំ ២០២០ ហើយបន្តកើនដល់ ២៨៥៨ មេហ្កាវ៉ាត់ នៅឆ្នាំ២០២១ ។ ដូច្នេះ ប្រសិនបើគិតចាប់ពីចុងឆ្នាំ២០១៨ មកសម្រាប់ឆ្នាំ២០២០ យើងត្រូវបន្ថែមប្រភពអគ្គិសនីថ្មីចំនួន ៧៧០ មេហ្កាវ៉ាត់ទើបគ្រប់គ្រាន់ រួចសម្រាប់ឆ្នាំ២០២១ យើងត្រូវបន្ថែមប្រភពអគ្គិសនីថ្មីបន្ថែមពីលើថែមទៀតឲ្យដល់ ១៣២១ មេហ្កាវ៉ាត់ ទើបគ្រប់គ្រាន់៕