ឯ.ឧ. គួច ចំរើន ដឹកនាំមន្ត្រី និងវិស័យឯកជនជិត១ម៉ឺននាក់បោសសំអាតសំរាមក្នុងក្រុងព្រះសីហនុ

 

ខេត្តព្រះសីហនុ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានដឹកនាំធ្វើយុទ្ធនាការ សំអាតអនាម័យបរិស្ថាន ក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

នាឱកាសនោះ ឯកឧត្តម គួច ចំរើន មានប្រសាសន៍នៅចំពោះមុខមហាជន ដែលបានចូលរួម ដោយបានអំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ មហាជនទាំងអង្គភាពរដ្ឋ និងវិស័យឯកជន ឲ្យចូលរួមឲ្យបានទាំងអស់គ្នា ក្នុងការងារសំអាតអនាម័យបរិស្ថាន ក្នុងក្រុងព្រះសីហនុ មិនសម្រាប់តែនៅថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះទេ ។

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រី និងវិស័យឯកជនជិត១ម៉ឺននាក់ ធ្វើយុទ្ធនាការ សំអាតសំរាម ក្នុងព្រះសីហនុ

ឯកឧត្តម គួច ចំរើន ស្នើរថា សូមឲ្យមន្ត្រីរាជការ និងសាធារណជននានា ចូលរួមសំអាតអនាម័យបរិស្ថាននេះ ឲ្យបានគ្រប់ទីកន្លែង និងជាប្រចាំ។ព្រមជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរៀបចំវេចខ្ចប់ទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ កុំបោះចោលរាយប៉ាយតាមផ្លូវ ឬបោះចោលតាមអូរ ប្រឡាយជាដាច់ខាតផង។

សម្រាប់យុទ្ធនាការ សំអាតអនាម័យ បរិស្ថានទីក្រុង ដើម្បីប្រមូល បោសសម្អាតកាកសំណល់ សំរាមដែលមាននៅតាមដងផ្លូវ និងតាមទីសាធារណៈនានា ក្នុងក្រុងព្រះសីហនុទាំងមូល នាថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០១៩នេះ មានអ្នកចូលរួមជិត ១មុឺននាក់ ក្នុងនោះមានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ អង្គការសង្គមសុីវិល និងខាងវិស័យឯកជននានា ដោយបែងចែកជា៤ទីតាំងរួមមាន៖
ទី១- នៅឆ្នេរអូរឈើទាល
ទី២- នៅក្នុងបរិវេណសួនច្បារឆ្នេរឯករាជ្យ
ទី៣- នៅសួនច្បារមហោស្រពចាស់ (មុខមន្ទីរទេសចរណ៍ខេត្ត)
ទី៤- នៅសាលាបឋមសិក្សាឃ្លាំងលើ៕ ដោយHN