ព្រះសីហនុ ៖ ឯ.ឧ. គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើឯកអគ្គរដ្ឋទូតចិន ឲ្យបើកស្ថានកុងស៊ុលចិន នៅខេត្តព្រះសីហនុ។ការសំណើបែបនេះ បានធ្វឡើងក្នុជំនួបពិភាក្សាការងាររវាងមន្ដ្រីជាន់ខ្ពស់នៃស្ថាន ទូតចិនប្រចាំកម្ពុជា ចំនួនពីររូប កាលពីថ្ងៃទី១០ ខែកក្កដា កន្លមកនេះ នាក្រុងព្រះសីហនុ។
ឯ.ឧ. គួច ចំរើន បានអះអាងថា ជារឿងល្អប្រសើរផ្នែកទំនាក់ទំនងអន្តរជាតិ ប្រសិនបើបានបើក ស្ថានកុងស៊ុលចិន នៅក្នុងខេត្តព្រះសីហនុ ដែលអាចបង្កលក្ខណៈងាយស្រួល ក្នុងការគ្រប់គ្រងជន ជាតិចិន ជាពិសេសដើម្បីផ្សព្វផ្សាយដល់ប្រជាជនចិន ដែលមានគម្រោងមកវិនិយោគ និងកំពុងវិនិ យោគ នៅខេត្តព្រះសីហនុ ផងដែរ។
បើតាមលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បាន ពន្យល់ពាក់ព័ន្ធនឹងសំណើបើកស្ថានកុងស៊ុលចិននៅខេត្តព្រះសីហនុ នេះថា សំណើនេះ ទំនងធ្វើឡើងដោយសារអភិបាលខេត្តព្រះសីហនុ ថ្មី ចង់ទាញស្ថានទូតចិន ឲ្យមានការទទួលខុសត្រូវកាន់តែខ្ពស់ ចំពោះជនជាតិរបស់ខ្លួន ដែលកំពុងរស់នៅនិងវិនិយោគក្នុងខេត្តព្រះសីហនុ។ បើតាមលោក គិន ភា បានថ្លែងដោយរំពឹងថា វត្តមានស្ថានកុងស៊ុល នឹងដើរតួនាទីសំខាន់ក្នុងជួយគាំពារ និងផ្ដល់ជំនួយផ្នែកច្បាប់ ព្រមទាំងការអប់រំផ្សេងៗ ដល់ជនជាតិចិនផងដែរ។
ឯ.ឧ. Wang Wentian ឯកអគ្គរដ្ឋទូតចិន បានឆ្លើយតបភ្លាមៗចំពោះសំណើទាំងប៉ុន្មានដោយ បង្ហាញជំហរថា នឹងជួយដោះស្រាយបញ្ហាប្រឈមនៅក្នុងខេត្តមួយនេះ តាមរយៈគម្រោង «កម្មវិធីខេត្តព្រះសីហនុ មានសុវត្ថិភាព»។
គួរកត់សម្គាល់ថា ការស្នើសុំបើកស្ថានកុងស៊ុលក្នុងខេត្តព្រះសីហនុ គឺជារបៀបវារៈមួយប៉ុណ្ណោះ នៅក្នុងចំណោមរបៀបវារៈនិងបញ្ហាជាច្រើនទៀតដែល ឯ.ឧ. គួច ចំរើន បានលើកឡើងក្នុងជំនួប ពិភាក្សានេះ គោលបំណងឲ្យឯកអគ្គរដ្ឋទូតចិនជួយដោះស្រាយបញ្ហាមួយចំនួន រួមមាន ការគ្រប់គ្រងសំណង់អគារ ការខូចខាតផ្លូវ លូ ប្រព័ន្ធទឹកស្អាត និងបញ្ហាផ្សេងៗទៀត ខណៈកំណើនអ្នកវិនិ យោគរបស់ចិន ខេត្តព្រះសីហនុ រយៈពេលពីរឆ្នាំចុងក្រោយបានកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែក៏ មានបញ្ហាប្រឈមមួយចំនួនដែរ ដូចជា បញ្ហាចារកម្ម ការប្រើប្រាស់ហិង្សារវាងជនជាតិចិនដូចគ្នា ការជួញដូរគ្រឿងញៀន ការសាងសង់គ្មានបទដ្ឋានបច្ចេកទេស និងបញ្ហាសំរាមជាដើម៕