ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង៧.៤លាននាក់ ស្លាប់ជិត៤២ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៧,៤៤៤,៥៣៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤១៨,១២៣នាក់ និងជាសះស្បើយឡើងវិញ ៣,៧២២,៤៩៨នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,០៦៥,៤៧៤នាក់ ស្លាប់ចំនួន ១១៥,១២៦នាក់ និងជាសះស្បើយចំនួន ៨០១,៣៥៤នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩នោះ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៧៧៥,១៨៤នាក់ ស្លាប់ចំនួន ៣៩,៧៩៧នាក់ និងជាសះស្បើយ ៣៨០,៣០០នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៤៩៣,៦៥៧នាក់ ស្លាប់ ៦,៣៥៨នាក់ និងជាសះស្បើយ ២៥២,៧៨៣នាក់៕