ភ្នំពេញ ៖ ល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញជាគណៈអធិបតីក្នុងពិធីជូនដំណើរកងទ័ពមួកខៀវកម្ពុជាចំនួន ៨០នាក់ ក្នុងនោះនារីចំនួន០៧នាក់ ចេញទៅបំពេញបេសកកម្មនៅសាធារណរដ្ឋម៉ាលី ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងបើទោះបីជាពិភពលោកកំពុងតែជួបវិបត្តិរាតត្បាតដោយសារតែជំងឺកូវីដ-១៩ ក៏កម្ពុជាមិនរារែកចំពោះការបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ដើម្បីចូលរួមរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាតិជាដាច់ខាត។ ឯកឧត្តមថា កងវិស្វកម្មថែទាំយន្តហោះរបស់កម្ពុជា ចំនួន៨០នាក់ដែលទៅបំពេញបេសកកម្មនៅប្រទេសម៉ាលី ដើម្បីជំនួសកងទ័ពមួកខៀវកម្ពុជា ចំនួន៨០នាក់ ដែលត្រូវបញ្ចប់បេសកកម្ម ហើយនឹងវិលត្រឡប់មកមាតុភូមិវិញបនៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងថា កម្លាំងដែលត្រូវបញ្ជូនទៅបំពេញបេសកកម្មនៅប្រទេសម៉ាលីនេះ គឺពួកគាត់បានធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលរយៈពេល១៤ថ្ងៃ មុននឹងបញ្ជូនទៅបំពេញបេសកកម្មក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន។ បន្ថែមពីនេះកងកម្លាំងដែលចេញទៅបំពេញបេសកកម្មនៅក្នុងប្រទេសម៉ាលី ទាំងអស់ត្រូវបានបញ្ជាក់សុខភាពយ៉ាងច្បាស់លាស់ ដើម្បីធានាថាពួកគេទាំងអស់នេះ មិនមានផ្ទុកជំងឺកូវីដ-១៩។ បន្ទាប់ពីទៅដល់ប្រទេសម៉ាលី កងទ័ពមួកខៀវកម្ពុជាទាំង៨០នាក់នេះ ក៏នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅទីនោះដូចគ្នាផងដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តថា សម្រាប់កងទ័ពមួកខៀវកម្ពុជា ទាំង៨០នាក់នេះ នឹងបំពេញបេសកកម្មនៅក្នុងតំបន់ចំនួន២ គឺតំបន់ទេសាលី និងតំបន់គីដាល់។ ដោយឡែកសម្រាប់កងទ័ពមួកខៀវកម្ពុជា ដែលនឹងបញ្ចប់បំពេញបេសកកម្មនៅប្រទេសម៉ាលីវិញ នៅថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ នឹងត្រូវ យកទៅធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលរយៈពេល១៤ថ្ងៃផងដែរ ដើម្បីធានាថាពួកគាត់មិនមានផ្ទុកជំងឺកូវីដ-១៩ ជាដើម។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា ការបន្តបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួនទៅចូលរួមបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ នៅក្នុងប្រទេសដែលកំពុងតែរុកគួនដោយសារសង្គ្រាមនេះ គឺជាស្របតាមសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ គឺកម្ពុជានៅតែបន្តប្តេជ្ញាចិត្តចូលរួមបញ្ជូនកងកម្លាំងរបស់ខ្លួនរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ, បន្ថែពីនេះជាការយកចិត្តទុកដាក់ដល់កងទ័ពមួកខៀវកម្ពុជា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានផ្ញើសារលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ នាយទាហានមួកខៀវមួយរូប នៅប្រទេសម៉ាលី។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ កម្ពុជាមានកងកម្លាំង៥កង សរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល៕