ខេត្ខេត្តបន្ទាយមានជ័យ ៖ មនុស្សម្នាជាច្រើននាក់ដែលកំពុងរស់ក្នុងភូមិចំនួន២ក្នុងសង្កាត់ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ដោយកម្តៅឡើងលើសពីធម្មតា និងមានខ្លះប្រកាច់សន្លប់ស្តូកស្តឹង។បញ្ហានេះបានបង្កអោយមានការផ្អើលឆោឡោរពេញភូមិក្បាលកោះនិងភូមិប៉ោយប៉ែត។
បើតាមការអះអាងរបស់បងស្រីម្នាក់បាននិយាយថាប៉ុន្មានថ្ងៃនេះ មានក្មេងចាស់ ប្រុស ស្រីក្នុងភូមិទាំង២នេះបានធ្លាក់ខ្លួនឈឺ ខ្លះបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ និងភាគច្រើនទៅគ្លីនិកឯកជន គ្រប់គ្នាមិនដឹងថាកើតជំងឺអ្វីទេប៉ុន្តែប្រាប់ពីហេតុថា ដំបូងមានអាការះ ទន់ដៃទន់ជើង បន្ទាប់មកក្តៅសន្ធំ ហើយឡើងកន្ទួលលើដងខ្លួន ឬសាច់មានពណ៌ក្រហម ហើយពេលទៅគ្លីនិកឈ្នួលពិនិត្យកំដៅខ្លះឡើងដល់៤០អង្សាសេមិនតែប៉ុណ្ណោះ គ្រួសាខ្លះអះអាងថា កូនចៅពួកគាត់ប្រកាច់ដោយសារឡើងកម្តៅខ្លាំងពេកក៏មានដែរ។
ក្រោយទទួលបានពត៌មានពាក់ពន្ធ័នឹងជម្ងឺនេះអាជ្ញាធរនិងក្រុមគ្រូពេទ្យកំពុងដុតដៃជើងចុះទៅដល់ភូមិកើតហេតុដើម្បីធ្វើការសាកសួរ តាមដាននិងធ្វើការជួយសង្គ្រោះអ្នកភូមិភ្លាមៗ ដោយក្នុងនោះអ្នកឡើងកម្តៅខ្លាំងត្រូវក្រុមគ្រូពេទ្យដឹកតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការព្យាបាលនិងតាមដានថាតើអ្នកជម្ងឺកើតរោគអ្វីឲ្យពិតប្រាកដ។
លោកវេជ្ជបណ្ឌិត ខេ ពិសិដ្ឋ ប្រធានមណ្ឌលសុខភាពប៉ោយប៉ែត១ដែល ចុះផ្ទាល់ដល់ចំណុចកើតហេតុមិនបានប្រាប់លម្អិតពីអការៈនៃរោគនេះឡើយ ដោយនិយាយថា លោកមិនសូវច្បាស់ទេ។
ដោយឡែក មន្ត្រីការិយាល័យស្រុកប្រត្តិបត្តក្រុងប៉ោយប៉ែត លោកវិជ្ជបណ្ឌិត សឹង្ហសុភាព ប្រាប់តាមទូរស័ព្ទថា លោកមិនបានដឹងពីចំនួនអ្នកជំងឺបញ្ជូនពីភូមិទាំង២ខាងលើទៅកាន់មន្ទីរពេទ្យនោះទេព្រោះលោកទើបចុះដល់កន្លែងកើតហេតុថ្ងៃនេះ។លោកថា អ្នកជំងឺបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតនៅថ្ងៃទី២០ កក្កដា គឺមាន៤នាក់ប្រុស២ស្រី២តែ៣នាក់មានសញ្ញាសង្ស័យត្រូវតាមដានបន្ត ដោយឡែក ម្នាក់គ្រាន់គ្រុនធម្មតា។
ថ្លែងប្រាប់អ្នកយកព័ត៌មានតាមទូរសព្ទ័ លោកវេជបណ្ឌិត ឡេ ចន្ទ័សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា បញ្ហាដែលពលរដ្ឋភ្ញាក់ផ្អើលនេះមន្ទីរបានទទួលដំណឹងនៅល្ងាចថ្ងៃអាទិត្យទី១៩ខែកក្កដាហើយបានចាត់ចែងមន្ត្រីជំនាញនៅជិតបំផុតអោយចុះបន្ទាន់ដល់ភូមិកំពុងកើតហេតុនោះ។ជាស្តែងមន្ត្រីជំនាញប្រមូលបានតែ៧នាក់ប៉ុណ្ណោះដែលមានអាការៈក្តៅលើសពី៣៨អង្សារ មានកន្ទួលរមាស់ ស្នាមក្រហម ជាដើម។ ហើយនៅរសៀលថ្ងៃនេះលោកបានអមដំណើរអភិបាលខេត្តចុះផ្ទាល់ទៅពិនិត្យមើល ដោយក្នុងនោះលោកសន្និដ្ឋានបឋមថាពួកគាត់អាចកើតមានជម្ងឺនេះគឺបណ្តាលមកពីមជ្ឈដ្ឋានរស់នៅ កន្លែងរស់នៅមិនមានបរិស្ថានល្អ ទឹកស្អុយព័ទ្ធជុំវិញ គេងមិនបានចងមុងត្រឹមត្រូវ ការហូបចុកមិនមានអនាម័យ។តែទោះជាយ៉ាងណា ក្រុមការងារលោកនៅតែបន្តរុករកអោយឃើញដោយបូមឈាមពួកគាត់មកពិសោធន៍វិភាគហើយនឹងឆ្លើយតបវិញថា ពួកគាត់មានជម្ងឺអ្វី៕