ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃច័ន្ទ ១៥រោចខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំតូច សាលាខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីការ ពិនិត្យ និង សម្រេច ប្លង់ បណ្ដាញហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ថិត នៅសង្កាត់លេខ ៤ និងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ និង ឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ រួមនិង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល ក្រុង ស្រុក ជុំវិញខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំនេះដែរមានគោលបំណង ៖
ធានាការគ្រប់គ្រងដី ការប្រើប្រាស់ដី ការអភិវឌ្ឍនគរូបនីយកម្ម ប្រកបដោយភាពវៃឆ្លាត ចីរភាព បរិយាបន្ន។ការពារសិទ្ធ និងផលប្រយោជន៍សាធារណៈនិងឯកជន ក្នុងការអភិវឌ្ឍនិងការសាងសង់។
លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃការកែលម្អ ការអភិវឌ្ឍនិងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅតំបន់ជុំវិញ។កំណត់ទិសដៅច្បាស់អំពីការអភិវឌ្ឍននៅពេលអនាគតប្រកបដោយភាពវៃឆ្លាត ចីរភាព និងបរិយាបន្ន។
នៅក្នុងឱកាសនេះ លោក ឃួន គឹមស៊ីន ប្រធានការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់និង ភូមិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឡើង ធ្វើបទបង្ហាញ ជូនគណៈធិបតី និងសមាជិកអង្គប្រជុំទាំងអស់ អំពីវឌ្ឍភាពគម្រោងផ្លូវទាំង ១៥ខ្សែ ក្នុងខេត្តព្រះសីហនុ មានប្រវែងសរុប ៨៦,៨៧១.០០គីឡូ ម៉ែត្រ ដែលត្រូវស្ថាបនាឱ្យសមស្របតាមទៅតាមទំហំចរាចរណ៍ និងការអភិវឌ្ឍនៅក្នុងខេត្តនាពេលបច្ចុប្បន្ន និងអនាគត ប៉ុន្តែទន្ទឹមនឹងនោះក៏មានសំណង់ល្មើសច្បាប់មួយចំនួនដែលបានសាងសង់នៅលើដីចំណីផ្លូវត្រូវរុះរើចេញ គម្របលូបេតុងដែលធ្វើនៅលើប្រឡាយត្រូវរុះរើចេញ និងត្រូវស្តារប្រឡាយរួចបោះបង្គោលកំណត់ព្រំប្រឡាយនានាក្នុងក្រុងព្រះសីហនុ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវវិធានការ ជាកំហិត ជាមួយនិង មន្ត្រី ជំនាញ ស្ថាប័នពាក់ព័ន្ធរួមជាមួយ និង រដ្ឋបាល ក្រុង ស្រុក ទាំងអស់នៅក្នុងខេត្ត ដើម្បី ពិនិត្យនិងសម្រេចប្លង់បណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ថិតនៅសង្កាត់លេខ ១ និងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ និង ឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ដើម្បីសិក្សារៀបចំដោយគណៈកម្មការ រៀបចំដែនដី និងនគរូបនីយកម្ម ក្រុមប្រឹក្សា ខេត្តព្រះសីហនុ។
ឯកឧត្តម ក៏បាន អំពាវនាវឱ្យ ប្រជាពលរដ្ឋរស់ នៅក្នុងក្រុងព្រះសីហនុទាំងអស់ចូលរួមសហការជាមួយរដ្ឋបាល ខេត្តព្រះសីហនុ បញ្ឈប់ ការសាង សង់រំលោភយក ដីចំណីផ្លូវ ចោលសំរាមចូលទៅក្នុងប្រព័ន្ធបង្ហូរទឹកនានា និងចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុទាំងមូល ផងដែរ៕ ដោយ ៖ មនោរាហ៍