ខេត្តព្រះសីហនុ ៖ នារសៀល ថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញ ជាអធិបតីប្រកាសតែងតាំង និងចូលកាន់ មុខតំណែង ថ្មីប្រធានសាលាដំបូងខេត្តព្រះសីហនុ។ ឯកឧត្តម កោ វណ្ឌី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជាប្រធានសាលាដំបូងខេត្តព្រះសីហនុ ជជំនួស ឯកឧត្តម សុខ កល្យាណ ដែលត្រូវបានតែងតាំងជាប្រធានសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ។
នៅក្នុងពិធីនេះ ក៏មានអញ្ជើញចូលរូមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ប្រធានតុលាការ ព្រះរាជអាជ្ញាខេត្តមួយចំនួន និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន បានវាយតម្លៃខ្ពស់ថ្នាក់ដឹកនាំ និងមន្ត្រីសាលាដំបូងខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ កល្យាណ នាពេលកន្លងមក ដោយបានសហការ និងមានទំនាក់ទំនងយ៉ាងល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសបានចូលរួមចំណែកយ៉ាងធំធេងធ្វើឲ្យខេត្តព្រះសីហនុ មានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងសម្រេចបានសមិទ្ធផល និងស្នាដៃធំៗជាបន្តបន្ទាប់ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។
ឯកឧត្តម អភិបាលខេត្ត ក៏បានស្វាគមន៍ និងអបអរសាទរ ឯកឧត្តម កោ វណ្ឌី ដែលត្រូវបានត្រាស់បង្គាប់តែងតាំងមុខតំណែងជាប្រធានសាលាដំបូងថ្មីខេត្តព្រះសីហនុ ដើម្បីបន្តដឹកនាំស្ថាប័នតុលាការមួយនេះ ដោយតម្កល់ផលប្រយោជន៍អង្គភាពជាធំ សំដៅធ្វើឲ្យប្រព័ន្ធតុលាការ និងប្រព័ន្ធយុត្តិធម៌នៅក្នុងខេត្តមាន ការអភិវឌ្ឍរីកចម្រើនទៅមុខជាលំដាប់។
ក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងត្រូវប្រកាន់ខ្ជាប់ភាពម៉ឺងម៉ាត់របស់ខ្លួនក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្តាំផ្ញើទៀតថា មន្រ្តីទាំងអស់ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាព នៃអង្គចៅក្រម ដោយប្រកាន់ខ្ជាប់នូវវិន័យក្រមសីលធម៌ វិជ្ជាជីវៈចៅក្រមទាំងពេលបំពេញការងារ និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងចូលរួមប្រកបដោយឆន្ទៈក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងការអនុវត្តយុទ្ធនាការការដោះ ស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងខេត្ត អនុវត្តអោយមាន ភាពត្រឹមត្រូវ លឿន និង មិនពុករលួយ ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការ អំពាវនាវ ដល់ ចៅក្រមនិង អយ្យការ ទាំងអស់ ក្នុងការកាត់ក្តី ត្រូវជៀសវាងឱ្យផុតនៅអគតិ ទាំង ៤ គឺ៖ ឆន្ទាតគតិ , ទូរសាគតិ,ភយា គតិ និង មោហា គតិជាដើម ៕ ដោយ ៖ មនោរាហ៍